ថ្មីៗនេះ ករណីតារាសម្ដែងចិន Wang Xing ត្រូវគេបោកនាំខ្លួនយកទៅដល់ព្រំដែនមីយ៉ាន់ម៉ា-ថៃ កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកដែលមហាជននៅចិនវែកញែកព្រោងព្រាតជុំវិញការជួញដូរមនុស្សនេះ។
គួរឱ្យដឹងថា ករណីតារាសម្ដែងវ័យ ៣១ ឆ្នាំខាងលើ គឺត្រូវបានគេល្បួងឱ្យទៅប្រទេសថៃក្រោមការសន្យាហៅទៅថតកុន ប៉ុន្តែការពិតត្រូវគេបោកឱ្យទៅធ្វើការងារបោកបញ្ឆោតនៅឯប្រទេសមីយ៉ាន់ម៉ា។ ជាសំណាងល្អ មិត្តស្រីរបស់លោកបានធ្វើសកម្មភាពប្រកាសរកទាន់ពេលវេលា និង ទទួលបានការជួយពីខាងអាជ្ញាធរថៃ លោក Wang Xing ក៏ត្រូវបានសង្គ្រោះក្រោយគេចាប់ខ្លួនទៅអស់ ៤ ថ្ងៃ។
ដោយឡែក ក្រោយផ្ទុះករណីរបស់លោក Wang Xing ទើបមានការបែកធ្លាយបន្ថែមថា លោកមិនមែនជាតារាតែម្នាក់ប៉ុណ្ណោះទេដែលបានបាត់ខ្លួន ពោលគឺមានតារាប្រុសចិនចំនួន ២ នាក់ទៀតក៏កំពុងតែបាត់ខ្លួនដូចគ្នា។
ជាក់ស្ដែង កាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ តារាសម្ដែងស្រី Shao Yifan បានចូលបណ្ដាញសង្គមរបស់នាងធ្វើការប្រកាសថា មិត្តរួមការងារនាងតារាសម្ដែងប្រុស He Jun Min បានធ្វើដំណើរទៅប្រទេសថៃដើម្បីថតភាពយន្តមួយដែលមានចំណងជើងថា <<Ji Du Nu Jing>>។ តារាសម្ដែងប្រុសរូបនេះទទួលបានសារពីមនុស្សម្នាក់ដែលអះអាងថាធ្វើការឱ្យក្រុមហ៊ុន GMM ដែលល្បួងក្នុងវិធីតែមួយដូចនឹង Wang Xing ដែរ។
យ៉ាងណាមិញ ក្រោយទៅដល់ប្រទេសថៃ មិត្តភក្តិរបស់ Jun Min គឺទាក់ទងទៅលោកលែងបាន។ ៣ ថ្ងៃក្រោយបាត់ខ្លួន លោកក៏បានតបសាររបស់មិត្តភក្តិ ប៉ុន្តែសារដែលតបមកនោះមានសភាពចម្លែកខុសពីធម្មតា។ មានតែមិត្តភក្តិរបស់លោកម្នាក់ប៉ុណ្ណោះ អាចធ្វើការខលទាក់ទងទៅលោកបាន ប៉ុន្តែការទាក់ទងគ្នានេះគឺមើលទៅ Jun Min កំពុងតែត្រូវគេឃ្លាំមើលជាប់ពេលកំពុងតែសន្ទនាគ្នា។ ជាងនេះទៅទៀត Jun Min ក៏បដិសេធមិនព្រមធ្វើ video call ជាមួយមិត្តរបស់លោកទៀតផង។
អំឡុងជជែកគ្នាតាមទូរស័ព្ទនោះ Jun Min បាននិយាយថា លោកកំពុងនៅប្រទេសថៃថតរឿង <<Ji Du Nu Jing>> តែពេលមិត្តរបស់លោកជីកសួរលម្អិត សួរពីអ្នកដឹកនាំរឿងពីណាគេ ហើយកាលវិភាគថតមិចដែរ គឺលោកមិនអាចឆ្លើយបាននោះឡើយ។ ដោយក្ដីបារម្ភពីសុវត្ថិភាពលោក មិត្តភក្តិរបស់ Jun Min បានសុំឱ្យគេថតរូបខ្លួនគេឱ្យមើល ប៉ុន្តែរូបដែលទទួលបានមកនោះគឺជារូបភាពចាស់របស់ Jun Min ប៉ុណ្ណោះ។
ស្របពេលជាមួយគ្នានោះដែរ តារាម៉ូដែលចិនម្នាក់ទៀតឈ្មោះ Yang Ze Qi ក៏ត្រូវបានរាយការណ៍ថាកំពុងបាត់ខ្លួនដូចគ្នា។ បើតាមបងប្អូនជីដូនមួយរបស់ Ze Qi បានទម្លាយថា តារាម៉ូដែលប្រុសរូបនេះក៏ទទួលបានសារដូចគ្នាកាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ជុំវិញការហៅទៅសម្ដែងក្នុងប្រទេសថៃ។ រូបលោកបានកក់សំបុត្រយន្តហោះទៅដល់ព្រលានសុវណ្ណាភូមិនៅថ្ងៃទី ២៩ ខែធ្នូ ហើយពេលទៅដល់ រូបលោកត្រូវបានឡានមួយគ្រឿងដែលថាជារបស់ក្រុមការងារថតកុនមកយក ដឹកឆ្ពោះទៅព្រំដែនមីយ៉ាន់ម៉ា-ថៃ។ អ្វីគួរឱ្យចាប់អារម្មណ៏នោះគឺថា ពេលទៅដល់ថៃភ្លាម Ze Qi បាន video call ទៅម្ដាយរបស់ខ្លួនដែលបង្ហាញឱ្យឃើញមានស្នាមជាំនៅត្រង់រង្វង់ភ្នែក។ សម្រាប់មិត្តភក្តិរបស់ Ze Qi វិញ ក៏ទទួលបានសារ SOS (សញ្ញាសុំជំនួយ) ពី Ze Qi នៅថ្ងៃបន្ទាប់ដែរ តែក្រោយមកនៅមិនអាចទាក់ទងបាន។
ក្រោយដឹងពីករណីសង្គ្រោះ Wang Xing បានជោគជ័យ ក្រុមគ្រួសាររបស់លោកក៏បានរាយការណ៍ករណីនេះទៅស្ថានទូតទាំងក្នុងប្រទេសថៃ មីយ៉ាន់ម៉ា ក្នុងក្ដីសង្ឃឹមបានលោកត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព៕
ប្រភព៖ 8days