កាលពីចុងសប្ដាហ៍កន្លងទៅ (ពេលវេលាក្នុងតំបន់) រលកយក្សស៊ូណាមិ បានឆក់យកអាយុជីវិតមនុស្ស ៣ នាក់ និង ១៥ នាក់ផ្សេងទៀតបានរងរបួសក្នុងទីតាំងផ្សេងៗគ្នាលើកោះ Tenerife នាដែនកោះ Canary ប្រទេសអេស៉្បាញ រហូតធ្វើឱ្យដែនកោះ Canary ទាំងមូលត្រូវបន្តប្រកាសអាសន្ន ដោយសារតែស្ថានភាពផ្ទៃសមុទ្រមិនល្អ។

ករណីគ្រោះថ្នាក់ដំបូងកើតឡើងនៅឆ្នេរ Roque de Las Bodegas នៅតំបន់ Taganana ដោយមានអ្នកទេសចរបារាំងចំនួន ៦ នាក់បានធ្លាក់ចូលសមុទ្រក្រោយត្រូវរលកធំបោកចំ។ តាមប្រភពពីប៉ូលិសក្នុងតំបន់បានបញ្ជាក់ថា ជនរងគ្រោះត្រូវរលកបោកទាញយកទៅ ក្រោយពួកគេប្រហែសមិនយកពោងការពារសុវត្ថិភាពដែលបានដាក់ក្នុងតំបន់នោះ។ ហេតុការណ៍នោះដែរ បណ្ដាលឱ្យមនុស្ស ៥ នាក់រងរបួស និង ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈមនុស្សម្នាក់ទៀត ត្រូវក្រុមសង្គ្រោះធ្វើ CPR នៅទីតាំងកើតហេតុ ប៉ុន្តែជាអកុសលនៅតែមិនអាចសង្គ្រោះបាន។

ចំពោះករណីគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត គឺបានកើតឡើងនៅផែ Puerto de la Cruz ភាគខាងជើងកោះ Tenerife ដែលមានមនុស្ស ១០ នាក់ត្រូវរលកបោកយកទៅ។ ប៉ូលិស និង ពលរដ្ឋក្នុងតំបន់មួយចំនួន បានព្យាយាមទៅសង្គ្រោះជនរងគ្រោះ ដោយមានស្ត្រីរងគ្រោះម្នាក់ស្ថិតក្នុងស្ថានភាពគាំងបេះដូង និង បញ្ហាផ្លូវដង្ហើម។ យ៉ាងណាមិញ ទោះជាឡានសង្គ្រោះទៅដល់ទីតាំងហើយក្ដី ប៉ុន្តែជនរងគ្រោះបានផុតដង្ហើមបាត់ទៅហើយ។

ដោយឡែក មកដល់វេលាប្រមាណជា ៤ និង ៤២ នាទីល្ងាច ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់) ខាងភ្នាក់ងារសង្គ្រោះក៏ទទួលបានការរាយការណ៍ថា មានករណីបុរសម្នាក់ធ្លាក់ចូលក្នុងសមុទ្រនាតំបន់ Charco del Viento។ រដ្ឋាភិបាលកោះ Canary បានបញ្ជូនឧទ្ធម្ភាគចក្រ ទៅទីតាំងបុរសដែលបានធ្លាក់នោះដើម្បីសង្គ្រោះភ្លាមៗ តែយ៉ាងណាខាងបុគ្គលិកបានប្រកាសថា បុរសរូបនោះបានស្លាប់បាត់ទៅហើយដោយសាររបួសធ្ងន់ពេក។

គួរបញ្ជាក់ថា ដែនកោះ Canary ត្រូវបានប្រកាសអាសន្នជុំវិញរលកយក្សស៊ូណាមិ តាំងពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅមកម្ល៉េះ ដោយទឹករលកអាចកើនមានកម្ពស់ខ្ពស់ខុសធម្មតារហូតដល់ទៅ ៤ ម៉ែត្រ និង មានខ្យល់បោកបក់ខ្លាំង។ ខាងអាជ្ញាធរក្នុងតំបន់ បានចេញការព្រមានពីស្ថានភាពគ្រោះថ្នាក់ក្នុងសមុទ្រដែរ ប៉ុន្តែហេតុការណ៍គ្រោះថ្នាក់ដែលបានកើតឡើងខាងលើនេះគឺ ដោយសារតែការមិនខ្វាយខ្វល់នឹងសេចក្ដីប្រកាសព្រមាន និង ការការពារសុវត្ថិភាព៕